Tuesday, June 9, 2020

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា)

ទី១. ដើម្បីឆាប់បានទៅដល់និងទាន់ពេលព្រឹកមិនក្តៅនិងទាន់ទេសភាពថ្ងៃលិចលើភ្នំ គួរចេញពីភ្នំពេម៉ោង៤ឬ៤កន្លះ ទៅដល់សហគមន៍ព្រៃឈើ ភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ចំណាយពេលប្រហែល ៣ម៉ោង តាមការបើកបរយឺតឬលឿន។

ទី២. ពេលទៅដល់សហគមន៍ទីស្នាក់ឧទ្យានជាតិជួរភ្នំក្រវាញ ត្រូវបំពេញឯកសារចុះឈ្មោះ រួចត្រូវថតរូបជុំគ្នាជាមួយបងៗក្រុមការងារនៅទីនោះ(កុំភ្លេចត្រូវបំពេញឈ្មោះគ្រប់គ្នានិងថតរូបជុំគ្នា ព្រោះការធ្វើបែបនេះគឺដើម្បីការពារប្រសិនបើមានការបាត់ខ្លួនឬបញ្ហាផ្សេងៗ)។

ទី៣.បន្ទាប់មកត្រូវសំដៅទៅផ្ទះសហគមន៍ដើម្បីរកគោយន្តជិះដោយត្រូវចំណាយថវិកាខ្លះៗដើម្បីឱ្យពួកគាត់ជូនយើងទៅ និងនាំផ្លូវឡើងភ្នំ តម្លៃនេះអាស្រ័យលើការចរចារ។ កាលដែលត្រូវមានអ្នកនាំផ្លូវគឺងាយស្រួលសម្រាប់យើងដែលមិនមានបទពិសោធនឡើងភ្នំ ពូៗគាត់មានជំនាញ និង យកចិត្តទុកដាក់យើងបានយ៉ាងល្អ។


ចំណាំ៖សូមរៀបរាប់ពីសម្ភារៈដែលគួរត្រៀមយកទៅបន្តិចសិន។ ចំពោះសម្ភារៈត្រូវស្ពាយ បើស្រីៗគួរត្រឹម៤ ឬ៥គីឡូ បានហើយ កុំដាក់សំលៀកបំពាក់ទៅច្រើនពេកប្រយ័ត្នឡើងភ្នំមិនដល់គោលដៅ ឬត្រូវទំលាក់ចោលពាក់កណ្តាលផ្លូវ។ និយាយមែនគួរប្រើសំលៀកបំពាក់ស្រាលៗ កុំឱ្យតឹងណែន ឬពិបាកធ្វើចលនា។ បើមានភ្លៀងសត្វទៀកស្អាតៗប្រាកដជាចេញមកទាំងហ្វូង ចឹងត្រូវពាក់ស្រោមជើងវែងៗ ជាមួយខោស្បែករឹប(ឧ.ខោស្បែកង្កែប)
ជ្រើសរើសស្បែកជើងឡើងភ្នំទើបល្អជួយទប់កុំឱ្យរអិល មួយទៀតកុំភ្លេចដាក់ស្បែកជើងពាក់ធម្មតាទៅមួយគូរទៀត ព្រោះងាយស្រួលដើរពេលដល់កំពូលភ្នំវាលស្មៅច្រើន។ ចំពោះស្បៀងវិញ អាហារគ្រៀមៗមានត្រីងៀត មី សាច់ផាត់ នំប៉័ង ត្រីខ ឬអាហារផ្សេងទៀតដែលអាចទុកបានយូរ។ ចំពោះទឹកផឹកវិញ គួរត្រៀមឱ្យបានច្រើនអាចម្នាក់ ២ដបធំៗ(ដប១លីត្រកន្លះ) ព្រោះនៅលើនោះទឹកមិនសូវ មានច្រើន ហើយទីតាំងក៏ឆ្ងាយពីប្រភពដែលហើយទឹកនោះត្រូវដាំទើបផឹកបាន(ទឹកនៅទីនោះត្រជាក់ដូចទឹកកកចឹង ត្រជាក់ដល់ឆ្អឹងខ្នង)។ អូ! កុំភ្លេចទិញស្លឹកក្រូចសើច ឬក្រូចសើចយកទៅផង ពុះជាពីរបោះជុំវិញទីតាំងយើងបោះតង់ការពារបងវើកៗមកលេងយ៉ាត់ដេកមិនបាន។ មួយទៀត យកអាវភ្លៀង ពិល ថ្នាំរាគ ក្តៅខ្លួន ផ្កាសាយ ថ្នាំរឹត ផ្សេងៗទៀតទៅជាមួយផង។

ចំនុចពិសេស៖ គ្មានបង្គន់អនាម័យស្អីទេ ចឹងពិបាកបន្តិចសម្រាប់ស្រីៗ វិធីសាស្ត្រឈ្នះៗរបស់ស្រីៗ យកថង់ប៉ាវទៅ ជាមួយ រួចដំាបង្កោលជាមុំបួនហើយរុំព័ន្ធជុំវិញសម្រាប់ជួយដោះទុកមួយគ្រាដែរ។

ទី៣. ចំងាយពីភូមិទៅជើងភ្នំចំណាយពេប្រហែល១ កន្លះម៉ោង ផ្អែកលើស្ថានភាពផ្លូវពិបាកឬស្រួល បើមានភ្លៀងដូចកាលខ្ញុំទៅវិញអស់អីនិយាយជាំគ្រប់កន្លែង។ ពេលទៅដល់ជើងភ្នំត្រូវតាំងចិត្តឱ្យមាំ បើមិនចឹងជួយអត់បានទេ វគ្គនេះជាវគ្គអត្តាហិ អត្តនោនាថោហើយ។

ទី៤. ចំណាយពេល៤ទៅ៥ម៉ោង បានដល់ទីតាំងបោះតង់។ ទីតាំងបោះតង់មាន៥កន្លែងកន្លែងទី១ និងទី២ នៅជិតប្រភពទឹកតែឆ្ងាយពីទេសភាពស្អាតៗ។ ទីតាំងពី៣ ត្រូវប្រើពេលប្រហែល១ម៉ោង នៅកន្លែងវាលស្មៅស្អាតធំធេងណាស់ព្រះអើយ បោះកន្លែងណាក៏បាន។ ទីតាំងទី៤ ត្រូវចំណាយពេលប្រហែល១ម៉ោងកន្លះ ឬ២ម៉ោង បោះនៅក្បែរកំពូលភ្នំ រីឯកន្លែងទី៥បោះនៅលើកំពូលភ្នំតែម្តង ភ្ញាក់ឡើងឃើញពពកនៅជិតខ្លួន ព្រះសូរិយាញញឹមដាក់តែម្តង។កាលខ្ញុំទៅខ្ញុំបោះតង់ត្រឹមទីតាំងទី៣ព្រោះមានមនុស្សច្រើន មានគ្នាច្រើនចឹងកក់ក្តៅ...ហិហិហិ។ សម្រាប់អ្នកបោះតង់នៅទីតាំងទី១ ទី២ ទី៣ ត្រូវងើបពីម៉ោង៣ ឬ៤ ទៅកំពូលភ្នំបើមិនចឹងទៅមិនទាន់ពពកនិងព្រះសូរិយាទេប្រាប់ឱ្យហើយយ៉ាត់ស្តាយទៅហ្នឹងគេដែលអត់បានឃើញ។ ទៅដល់នោះទេសភាពខ្ជិលយាយ ឋានសួគ៌ជាគ្នា ចង់ថតកន្លែងណាក៏ស្អាតដែរ ទេសភាពមិនឱ្យខកចិត្តនោះទេ(តែនេះអាស្រ័យលើអាកាសធាតុដែរណា)។
ពេលយប់ចង់ធ្វើអីធ្វើទៅ ផឹកតែក្តៅៗក៏បាន លេងហ្គេមជាក្រុមក៏បាន កាលខ្ញុំទៅបងៗមួយក្រុមនោះច្រៀងខារ៉ាអូខេ សុទ្ធតែបទចាបយំល្វើយៗ។


ទី៥. ថ្ងៃត្រលប់មកវិញ ត្រូវសម្អាតបរិស្ថានកន្លែងបោះតង់នោះឱ្យស្អាត ត្រូវដុតសម្រាមនោះឱ្យអស់ ចូលរួមស្រលាញ់បរិស្ថាននោះបរិស្ថានស្រលាញ់យើងវិញ។

ទី៦. ពេលចុះគឺលឿនជាងពេលឡើង អ្វីដែលសំខាន់ត្រូវដឹងពីរបៀបប្រើជើងពេលចុះ ដាក់ជើងមិនឱ្យត្រង់រហូតទេ វាងាយនឹងឈឺម្រាមជើងដោយសារប្រឹងទប់ គួរដាក់ជើងចំហៀងវិញ។ បើពេលខ្ញុំមិនថាឡើងភ្នំ ឬពេលចុះពីភ្នំទេ មេឃភ្លៀងសាហាវកប់ ព្រឺក៏ព្រឺរាម រងារក៏រងារញាក់ មិនប្រយ័ត្នរអិលដួលជាំទៀត។ នៅតាមផ្លូវកុំចោលសម្រាមផ្តេសផ្តាស ច្រកថង់ទុកដាក់ស្រួលបួលពេលចុះពីភ្នំវិញមិនមែនបោះចោលតាមផ្លូវនោះទេ។ មួយទៀតកុំភ្លេចចូលថតរូបម្តងទៀតនៅសហគមន៍ទីស្នាក់ឧទ្យានជាតិជួរភ្នំក្រវាញជាមួយបងៗក្រុមមការងារដើម្បីបញ្ជាក់ពីចំនួនត្រឹមត្រូវ។

បញ្ជាក់៖ ការឡើងភ្នំមិនមែនចេះតែតាមគេតាមឯងនោះទេ ត្រូវស្ទង់មើលពីសុខភាពខ្លួនឯង ជាមុនព្រោះត្រូវប្រយុទ្ធដូចសមរភូមិចឹង។ មួយវិញទៀត អ្នកទាំងអស់គ្នាដែរឭថា ភ្នំជួយជីវិតមនុស្សទេ? ជូនចំពោះអ្នកកំពុងមានបញ្ហាបាក់ទឹកចិត្ត ឬជំងឺ Depressions មុននឹងគិតអីផ្តេសផ្តាស គួរទុកឱកាសឱ្យខ្លួនឯងបានឡើងភ្នំ ឃើញទេសភាពធម្មជាតិដូចឋានសួគ៌ជាមុនសិនហើយគ្រប់យ៉ាងនឹងផ្លាស់ប្តូរការគិតរបស់អ្នក ស្គាល់ពីតម្លៃនៃជីវិត បើគិតថាខ្លួនឯងឥតប្រយោជគួរធ្វើរឿងឱ្យមានប្រយោជនដើម្បីរក្សាធម្មជាតិល្អជាជាងការគិតខ្លី។
#ស្រលាញ់រូបនេះជាងគេមានទង់ជាតិខ្មែរ
#ខ្នងផ្សា#កំពង់ស្ពឺ#កោះកុង#ពោធិ៍សាត់#ឋានសួគ៌លើទឹកដីអច្ឆរិយនៃកម្ពុជា

Friday, June 5, 2020

ធ្វើខ្លួនឲ្យល្អសិន

«ធ្វើខ្លួនឲ្យល្អសិន» មានបុរសខ្លះរស់នៅដោយប្រាថ្នាខ្លាំងក្នុងការចង់ជួបមនុស្សស្រីល្អម្នាក់ដែលព្រមទទួលយកក្តីស្រលាញ់របស់ខ្លួន ហើយក៏មាននារីខ្លះទៀតរស់នៅដោយប្រាថ្នាខ្លាំងក្នុងការចង់បានមនុស្សប្រុសល្អម្នាក់មកស្រលាញ់ខ្លួនដែរ តែបែរជាគ្មានមនុស្សណាម្នាក់ព្រមស្រលាញ់ពួកគេសោះ ទន្ទឹមនឹងនោះបែរជាមានមនុស្សមួយចំនួនទៀតមានអ្នកស្រលាញ់ជាច្រើនតែគាត់មិនត្រូវការទៅវិញ ទោះគាត់ដឹងថាមនុស្សដែលមកស្រលាញ់គាត់នោះសុទ្ធតែជាមនុស្សល្អៗក៏ដោយ។ មានបុរសម្នាក់បានសួរទៅឳពុករបស់ខ្លួនថា តើខ្ញុំត្រូវរកមនុស្សស្រីល្អនៅកន្លែងណា? ឳពុកក៏ឆ្លើយប្រាប់កូនវិញថា កូនត្រូវសួរខ្លួនឯងវិញ ថាតើត្រូវធ្វើខ្លួនយ៉ាងណាទើបមានមនុស្សស្រីល្អព្រមទទួលយកកូន។ អ្នកខ្លះចង់បានមនុស្សល្អ និងច្បាស់លាស់មកស្រលាញ់ខ្លួនប៉ុន្តែបែរជាភ្លេចធ្វើខ្លួនឲ្យល្អនិងច្បាស់លាស់ជាមុនសិន។ មនុស្សជាច្រើនតែងប្រាថ្នាចង់បានមនុស្សល្អបែបនេះ ល្អបែបនោះទាំងដែលមិនទាន់បានធ្វើខ្លួនឲ្យល្អជាមុន ឲ្យសមជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះរឿងនោះនៅឡើយទេ។ ពេលខ្លះបញ្ហារបស់ពួកគេកើតឡើងដោយសារតែគិតពីខ្លួនឯងខ្លាំងពេកភ្លេចគិតពីអ្នកនៅជុំវិញខ្លួន ដឹងត្រឹមតែចង់បានមនុស្សបែបណា តែមិនដឹងថាត្រូវធ្វើបែបណាទើបអាចឲ្យអ្នកដទៃចង់បានវិញនោះទេ។ ធ្វើជាមនុស្សកុំចង់បានមុខមាត់និងការចាប់អារម្មណ៍ខ្លាំងពេក ត្រូវចេះបើកចិត្តឲ្យទូលាយទទួលស្គាល់ការរិះគន់របស់អ្នកដទៃឲ្យបានច្រើន ត្រូវមានធម៌មេត្តានិងការលើកលែងទោសឲ្យមនុស្សគ្រប់ៗគ្នាទើបជីវិតអាចរស់នៅដោយមានក្តីសុខ។ មិនប្រាកដថាអ្នកដែលមានទំនាក់ទំនងស្នេហាទាំងអស់អាចរីករាយដូចមនុស្សធម្មតានោះទេ សំខាន់ត្រូវចេះធ្វើខ្លួនឲ្យល្អជាមុនសិនមុននឹងចង់ឲ្យមានអ្នកដទៃមកធ្វើល្អដាក់យើង។ ធ្វើជាមនុស្សត្រូវធ្វើឲ្យដូចជាដើមឈើដែលធំ ចាក់រឹសឲ្យជ្រៅ បែកមេឃឲ្យបានគ្រប់សាខា ទើបមានបក្សាប្សីទាំងឡាយអាចមកធ្វើសំបុកនិងពឹងពាក់បាន៕ By: Vityea Sarin #knowledge sharing

Wednesday, June 3, 2020

ជូនចំពោះអ្នកកំពុងអាន


ខ្ញុំសង្ឃឹមថាអ្វីៗនឹងប្រសេីរឡេីងសម្រាប់អ្នក។ សង្ឃឹមថាអ្នកនឹងឆ្លងកាត់រាល់ឧបសគ្គ​ ហេីយក្លាយជាមនុស្សរឹងមាំម្នាក់។

សូមកុំបោះបង់ក្តីសង្ឃឹមចោលពេលជួបបញ្ហា​ ព្រោះបញ្ហាទាំងនោះនឹងបង្រៀនឱ្យយេីងរឹងមាំ។ យេីងអាចបាត់បង់អ្វីៗបាន​ តែហាមបោះបង់ក្តីសង្ឃឹម។

ភាពឈឺចាប់​ ទុក្ខព្រួយ​ បរាជ័យ​ និងគ្រាំបេះដូង​ នឹងរសាត់ទៅតាមពេលវេលា​ ព្រោះគ្មានអ្វីដែលឋិតឋេរនោះទេ។

រៀនពេញចិត្តនូវអ្វីដែលខ្លួនមាន​ ជីវិតយេីងមិនវែងប៉ុន្មានទេ។ ១០​ ឆ្នាំតែ​ប្រាំមួយដង​ យេីងក៏ចាប់ផ្តេីមត្រៀមខ្លួនចាំមច្ចុរាជហេីយ។


រៀនទទួលស្គាល់ការពិតថា​ យេីងមិនឥតខ្ចោះទេ។ ដរាបណាយេីងជាបថុជ្ជន​ យេីងនឹងប្រព្រឹត្តកំហុស​ មានធំមានតូច​។ អ្វីដែលអាចធ្វេីបានគឺ​ កែប្រែកំហុសទាំងនោះមកល្អវិញ។

មេឃភ្លៀងគង់ស្រឡះ​ តែកុំចាំដល់មេឃរាំងភ្លៀងដេីម្បីធ្វេីចិត្តឲ្យសប្បាយអី។ យេីងអាចមុជទឹកភ្លេីងបណ្តេីរ​ សប្បាយបណ្តេីរ។

សរសេរដោយ​ ជនក្រាស់ដោយកិលេស​
រូបភាព​ #pinterest

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...